ក្នុងឱកាសទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានជំរុញគ្រប់ភាគីពាក់ព័ន្ធបន្តយកចិត្តទុកដាក់ខ្ពស់លើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុសនិងមានប្រសិទ្ធភាព។ តាមរយៈសារលិខិតក្នុងឱកាសប្រារព្វ “ទិវាអក្ខរកម្មជាតិ ៨ កញ្ញា” ឆ្នាំ២០២៤ ក្រោមប្រធានបទ «អក្ខរកម្មជាមូលដ្ឋានគ្រឹះនៃចំណេះដឹង បំណិន និង នវានុវត្តន៍» សម្តេចធិបតីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់នៃអក្ខរកម្មក្នុងការផ្តល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីទទួលបានចំណេះដឹងមូលដ្ឋានឈានឆ្ពោះទៅចាប់យកជំនាញវិជ្ជាជីវៈប្រចាំជីវិតសម្រាប់លើកកម្ពស់ជីវភាពនិងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែសកម្ម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា កម្ពុជាបន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេសអំពីសារៈសំខាន់នៃការងារអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍសមត្ថភាពរបស់ប្រជាពលរដ្ឋគ្រប់រូបប្រកបដោយថាមពល គុណភាព និង ភាពជាពលរដ្ឋសកល ដើម្បីរួមចំណែកបង្កើនល្បឿននៃកំណើនសេដ្ឋកិច្ចនិងធ្វើឱ្យសង្គមជាតិទាំងមូលរីកចម្រើនជឿនលឿនទៅមុខ។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំយ៉ាងមានប្រសិទ្ធភាពនិងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់ការអប់រំនិងអក្ខរកម្ម។ កម្ពុជាបន្តប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា នៅឆ្នាំនេះ ក្នុងគោលបំណងបង្កើនការយល់ដឹងឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវអនុសាសន៍សំខាន់ៗមួយចំនួន រួមមាន ការអភិវឌ្ឍគោលនយោបាយ ការចូលរួមក្នុងសហគមន៍ ការចូលរួមរបស់យុវជននិងនិស្សិត អក្ខរកម្មនិងការអភិវឌ្ឍជំនាញនៅកន្លែងធ្វើការ ការពង្រឹងភាពជាដៃគូ តួនាទីរបស់ស្ថាប័នសាសនា ការផ្សព្វផ្សាយនិងការចូលរួមរបស់ប្រព័ន្ធផ្សព្វផ្សាយ ដោយសម្តេចលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និង ប្រជាពលរដ្ឋគ្រប់រូប យកចិត្តទុកដាក់ខ្ពស់ជាបន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធនិងមិនផ្លូវការ ដើម្បីបន្តចូលរួមលើកកម្ពស់ការងារអក្ខរកម្មនៅកម្ពុជាឱ្យកាន់តែផុលផុសនិងមានប្រសិទ្ធភាពនិងប្រសិទ្ធផល៕ |
2024-10-15
2024-10-15
2024-10-15
2024-10-15
2024-10-15
© 2001-2013